ប្រសិនបើជីវិតរបស់យើងជួបប្រវត្តដែលឈឺចាប់ ត្រូវបាន កុហកបោកប្រាស់ រំលោភបំពាន ឬជួបរឿងរ៉ាវខកចិត្តខ្លាំងដែលយើងតែងតែចងចាំ ហើយដិតដាមជាប់អារម្មណ៍របស់យើង វានៅក្នុងខួរក្បាលរបស់យើង យើងតែងនឹកឃើញដល់រឿងរ៉ាងទាំងនោះជានិច្ចជាកាល ធ្វើអោយអារម្មណ៍យើងមិនល្អ មានអារម្មណ៍ភ័យខ្លាច ក្លាយទៅជាមនុស្សមានជំងឺបាក់ទឹកចិត្ត អារម្មណ៍ឆេវឆាវ និងមានបញ្ហាទំនុកអីជាដើម។ ទាំងនេះជាវិធីដែលអាចអោយយើងបំភ្លេចអតីតកាលដែលឈឺចាប់ ទោះជាវាមិនមានភាពងាយស្រួលសម្រាប់យើងពិតមែន ប៉ុន្តែក៏អាចជួយយើងផងដែរ ក្នុងការបំភ្លេចវា និងជំនួសមកវិញដោយជីវិតរីករាយ។
- រៀនលើកលែងទោស៖ ការអត់អោនលើកលែងអោយអ្នកដែលបាន ធ្វើបាបយើង ឬសូម្បីតែខ្លួនយើងផ្ទាល់ ពេលខ្លះយើងត្រូវរៀនលើកលែងអោយខ្លួនឯងដូចគ្នា ។ វាជាវិធីមានថាមពលមួយដើម្បី បញ្ចេញស្តុកអារម្មណ៍ ដែលមិនល្អអោយ ចេញពីខួក្បាលយើង។ យើងលើកលែងទោសអោយគេ មិនមែនមានន័យយើងអន់នោះទេ។ តែវាបានបញ្ជាក់ថា យើងព្រមបោះចោលនូវអារម្មណ៍អវិជ្ជមាន ដែលវាជាប់ជំពាក់ក្នុងចិត្តរបស់យើងរហូតមក។ វាជាទង្វើដែលអនុញ្ញាតិអោយខ្លួនឯងមានក្តីសុខ រំដោះខ្លួនចេញពីសេចក្តីប្រកាន់ និងការអន់ចិត្តជាដើម។
- ផ្តោតលើបច្ចុប្បន្ន៖ សំលឹងមើលអ្វីដែលយើងមានហើយងាកមកចាប់អារម្មណ៍លើជីវិតបច្ចុប្បន្ន ដូចជា ក្រុមគ្រួសារ ប្តីប្រពន្ធ កូន បងប្អូន ឪពុកម្តាយ ឬក្រុមការងារ ពិសេសទៅលើមុខរបរប្រចាំថ្ងៃ រួចយកចិត្ត និងការគិតរបស់យើង ដាក់ទៅលើបច្ចុប្បន្នភាព ថាតើគួរធ្វើអ្វី ដើម្បីអាជីវកម្មរីកចំរើន និងដាក់ផែនការការងារ ប្រចាំថ្ងៃ កាលណាយើងផ្តោតលើការងារ យើងនិងមិនមានអារម្មណ៍គិតរឿងអតីតឈឺចាប់នោះទៀតទេ។ សមាធិ ជាវិធីល្អមួយដែលខ្ញុំតែងនែនាំដើម្បីជម្រះផ្លូវចិត្តអោយល្អ។
- អភិវឌ្ឍន័សមត្ថភាពខ្លួនបន្ថែម៖ យកអតីតកាលជាបទពិសោធន៍។ សួរខ្លួនឯងថាតើមេរៀនណាខ្លះ ដែលយើងទទួលបានពីវា។ តើយើងឈបានយ៉ាងរឹងមាំដូចសព្វថ្ងៃនេះ ព្រោះអ្វី? ស្វែងរកខ្លួនឯង និងធ្វើអ្វីដែលជាចំណូលចិត្តនិងក្តីស្រម៉ៃរបស់យើង ។ យ៉ាងហោចណាស់យើងបានដឹងថា អតីតទាំងនោះបានជំរុញយើងអោយឆ្លាតជាងមុន ពូកែជាងមុន និងយល់កាន់តែច្បាស់ពីការសម្រេចចិត្តបែបណាអោយមានប្រសិទ្ធភាព ដើម្បីធ្វើដំណើរឆ្ពោះទៅរកគោលដៅថ្មីរបស់យើង។
ការអនុវត្តន៍វិធីខាងលើប្រើពេលយូឬឆាប់អាស្រ័យលើយើងជាអ្នកកំណត់និងការវឹកហាត់របស់យើងមានភាពអត់ធ្មត់កំរិតណា ម្យ៉ាងទៀតយើងអនុញ្ញាតិអោយខ្លួនឯងរស់អតីតកាលឬយ៉ាងណា យើងគួរពិចារណាដោយខ្លួនឯង ។ ទោះយ៉ាងណាវិធិទាំងបីក៏ជាចំណែកមួយដែលអាចជួយអោយយើងបំភ្លេចអតីតឈឺចាប់ផងដែរ។
អរគុណសម្រាប់ការអាន ពីដើមដល់ចប់។ ជួបគ្នានៅអត្ថបទក្រោយ។