យើងតែងលឺគេនិយាយថា ចង់ឈ្នះគេយើងត្រូវយកឈ្នះខ្លួនឯងសិន។ តើអ្វីទៅជាការយកឈ្នះខ្លួនឯង? ការយកឈ្នះខ្លួនឯងគឺសម្រេចចិត្ត ដែលធ្វើអោយខ្លួនឯងមានភាពរីកចំរើន ជីវិតរស់នៅមានភាពសមប្រកប និងសម្រេចតាមផែនការឬគោលដៅរបស់ខ្លួន។ បើតាមព្រះសម្មាសម្ពុទ្ធិ ការឈ្នះខ្លួនឯងគឺឈ្នះរាល់ចិត្តបាបទាំងឡាយដែលនៅក្នុងខ្លួន ដូចជាខឹងក្រោដ ចិត្តទោមនស្ស សេចក្តីមន្ទិលសង្ស័យ ឬ ការស្អប់ ជាដើម។ ឈ្នះខ្លួនឯងសំដៅយកត្រង់ឈ្នះចិត្តខ្លួនឯង កុំឱ្យលោតហក់ទៅតាមចំណង់ ធ្វើអ្វីៗទៅតាមចិត្តបញ្ជា ព្រោះនាំឱ្យគ្រោះថ្នាក់ដូច្នេះមុននឹងធ្វើកិច្ចការអ្វី គឺត្រូវគិតពិចារណាឱ្យបានជ្រៅឱ្យលុះក្នុងអំណាចរបស់ខ្លួនទើបជោគជ័យ ។ផ្អែកលើភាសិតនេះប្រយោជន៍អ្វីនឹងចង់យកឈ្នះមនុស្សជាតិគ្នាឯងនោះ បើយើងទាំងអស់គ្នាសុទ្ធតែជាអ្នកចាញ់ដូចគ្នាសោះនឹង គឺចាញ់ដៃមច្ចុរាជ ។
“យកឈ្នះខ្លួនឯង” សម្ដៅដល់ការដឹកនាំខ្លួនឯងជម្នះរាល់ភាពខ្ចិលច្រអូស បញ្ហាអសកម្ម និងផ្នត់គំនិតមួយចំនួនដែលឱ្យនាំឱ្យខ្លួនឯងមិនដើរទៅមុខ។ គ្រប់បុគ្គលជោគជ័យទាំងអស់ គេសុទ្ធតែយកឈ្នះខ្លួនឯងបាន គេមានរបៀបបង្រៀន និងដឹកនាំខ្លួនឯងឱ្យនៅក្នុងគម្រោងផែនការ មានវិន័យក្នុងការអនុវត្តរាល់សកម្មភាពផែនការ ឬការងារនីមួយៗទៅតាមលំដាប់លំដោយបានយ៉ាងល្អ។ ដូចនេះ តើមានគន្លឹះអ្វីខ្លះដែលយើងអាចយកឈ្នះខ្លួនឯងបាន? មានគន្លឹះ៥យ៉ាងនេះ ដែលអាចជួយអ្នក៖
១. ស្គាល់ខ្លួនឯង: អ្នកត្រូវតែត្រូវស្គាល់ខ្លួនឯង ជាមុនទើបអ្នកអាចយកឈ្នះខ្លួនឯងបាន។ អ្នកស្គាល់ខ្លួនឯង ស្គាល់ពីចំណុចល្អ និងចំណុចមិនល្អ ដើម្បីងាយស្រួលរៀបចំការដឹកនាំខ្លួនឯងទៅកាន់ការផ្លាស់ប្ដូរ។
២. មានគម្រោងផែនការច្បាស់: ជាទូទៅគ្មានមនុស្ស គ្មានគោលដៅ គ្មានគម្រោងឯណាទៅយកឈ្នះខ្លួនឯងបានទេ។ នៅពេលដែលយើងមានគម្រោងផែនការច្បាស់ យើងដឹងថា តើយើងកំពុងធ្វើអី? នៅឯណា? ធ្វើអ្វី? ដើម្បីអ្វី? និងលទ្ធផលចុងក្រោយបែបណា? គោលដៅ និងគម្រោងផែនការនេះ វានឹងជួយជំរុញឱ្យយើង ចេញជាសកម្មភាពការងារ។
៣. ចេះ Cheer ខ្លួនឯង: វាចាំបាច់ខ្លាំង ព្រោះវាអាចធ្វើឱ្យអ្នកមានកម្លាំងចិត្ត ឬរបៀបបន្តសកម្មភាពគ្រប់គ្រាន់ ដើម្បីសម្រេចគម្រោងផែនការ។ គ្មានអ្នកណាមានរបៀបCheerបានល្អ ជាងយើងCheerខ្លួនឯងទេ។ អ្នកដទៃគេអាចទៅចោលយើងនៅថ្ងៃណាមួយ តែយើងនៅជាមួយខ្លួនឯង ហើយយើងដឹងពីរបៀបដែលខ្លួនឯងត្រូវការច្បាស់។ ការដែលយើងអាចcheerបាន លុះត្រាតែយើងស្គាល់ខ្លួនឯងជាមុនសិន។
៤. នៅជាមួយក្រុមមនុស្ស: ក្រុមមនុស្ស មិនសង្គត់លើក្រុមមនុស្សជោគជ័យ ឬបញ្ហាជ័យទេ ព្រោះវាអាស្រ័យលើបុគ្គលម្នាក់ៗ ថាតើក្រុមបុគ្គលបែបណាដែលមានឥទ្ធិពលជំរុញឱ្យអ្នកយកឈ្នះខ្លួនឯង។
៥. អប់រំចិត្ត: មនុស្សដែលមានការអប់រំផ្លូវចិត្តបានល្អ តែងតែមានសុខភាពផ្លូវចិត្តល្អ ហើយជាទូទៅគេតែងតែជាមនុស្សស្ងប់ មានសតិ មានបញ្ញា ហើយគេមានរបៀបធ្វើការងារមួយបានយ៉ាងល្អ ព្រោះគេច្បាស់ពីរបៀបយកឈ្នះខ្លួនឯង។ អ្នកគួរតែស្វែងរករបៀបអប់រំផ្លូវចិត្តដ៏ត្រឹមត្រូវមួយ តាមរយ:ការស្ដាប់ព្រះធម៌ទេសនា ពុទ្ធឱវាទឬឱវាទល្អៗ ឬក៏ជាទស្សន:គំនិតក្នុងកម្រិតការដឹងមួយ ដែលអ្នកអាចរៀនសូត្របាន៕