នៅក្នុងជីវិត និងអាជីវកម្ម យើងស្ថិតក្នុងស្ថានភាពគ្រប់យ៉ាង ទាំងស្វែងរកឳកាស និងប្រឈមគ្រប់បញ្ហា ហើយក្នុងដំណើរជីវិតនិងអាជីវកម្ម បើមានដៃគូជីវិតដែលយល់ចិត្ត យល់ពីគ្នាទៅវិញទៅមក ចូលរួមជួយជ្រោមជ្រែងគ្នាបាន វាជាកត្តាសំខាន់ណាស់ដែលអាចជួយអោយការរកស៊ីដំណើរការបានដូចចិត្ត និងមានភាពរីកចំរើន។
ទី១ ការយកចិត្តទុកដាក់
ការយកចិត្តទុកដាក់គឺជាសញ្ញាមួយបញ្ជាក់ថា យើងជាដៃគូជីវិតគឺព្រមរួមដំណើរជីវិតជាមួយគ្នាតាំងពីចាប់ផ្តើមរហូតដល់ចប់ ចឹងហើយ នៅពេលដែលយើងចាប់ផ្តើមអាជីវកម្ម គឺយើងត្រូវយកចិត្តទុកដាក់ទៅលើ ទី១ផ្នែកបញ្ញាស្មារតី ថាតើដៃគូយើងមានចំណុចណាត្រូវបំពេញបន្ថែម ហើយចំនុចណាយើងត្រូវបំពេញអោយគ្នាទៅវិញទៅមក។ មិនមែនប្រពន្ធរកស៊ីប្តីអង្គុយចាំចាប់កំហុស ឬប្តីរកស៊ីប្រពន្ធអង្គុយចាំតែលទ្ធផលនោះទេ។ ត្រូវរៀនចេះសង្កេតមើលទឹកមុខកាយវិការ គ្នាថាតើ គាត់កំពុងជួបបញ្ហាអី សប្បាយចិត្តឬពិបាករឿងអី ត្រូវចេះជួយឈឺឆ្អាលគ្នា កុំចាំតែមើលតែលទ្ធផល ពេលគេធ្វើបានល្អក៏សរសើរ ពេលធ្វើមិនបានក៏មិនសប្បាយចិត្ត និយាយភាសាត្រគោះបោះបោក ធ្វើអោយភាពស្និទស្នាលកាន់តែថយចុះ អាជីវកម្មក៏មិនរីកចំរើនដែរ។
ទី២ ការជួយជ្រោមជ្រែង
ការងាររកស៊ីពេលខ្លះ ដៃគូជីវិតប្តីប្រពន្ធអាចជាមនុស្សដែលជួយគ្រប់គ្រងការងារ ក្នុងក្រៅ ឬអាចនិយាយបានថាជាទីប្រឹក្សា ស្វែងរកអ្វីដែលថ្មីៗដើម្បីជំរុញអភិវឌ្ឃន៍អាជីវកម្មអោយរីកចំរើនទៅមុខរួមគ្នា។ ការជួយជ្រោមជ្រែង រួមទាំងកំលាំងកាយ កំលាំងចិត្ត ព្រមទាំងហិរញ្ញវត្ថុផងដែរ។ ប្រសិនបើអត់មានការជួយជ្រោមជ្រែងគ្នា ហើយចាំភាគីម្ខាងៗ នោះជីវិតដៃគូនិងមិនមានភាពល្អប្រសើរទេ។
ទី៣ ការលើកទឹកចិត្ត
តាមពិតទៅដៃគូជីវិត ប្តីប្រពន្ធជាមនុស្សដំបូងដែលចែករំលែកចក្ខុវិស័យនិងក្តីសុបិន្តរួមគ្នា ហើយដាក់គោលដៅរួមគ្នា ក្នុងសម្រេចបំណងប្រាថ្នា។ ដូចនេះប្រសិនបើដំណើរជីវិតឬដំណើរការនៃការរកស៊ី មិនថាជួបបញ្ហាអី ការនិយាយលើកទឹកចិត្តគ្នាគឺសំខាន់ណាស់ ដើម្បីជំរុញកំលាំងចិត្តអោយគ្នាហើយបន្តដំណើរទៅមុខទៀត។ កុំប្រើពាក្យស្តីបន្ទោស ពាក្យត្រគោះបោះបោក ឬបញ្ចេញកំហឹងដាក់គ្នា ត្រូវខំរកដំណោះស្រាយរួមគ្នា ទើបល្អប្រសើរ។